បវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា ចន សុទីម៉ា ភ័យផង អរផង ពេលឈានជើងឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

កញ្ញា ចន សុទីម៉ា បានឈានជើងឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ប៉ុន្តែមុននឹងចេញទៅប្រកួត នាងមានអារម្មណ៍ ភ័យផង អរផង ដោយសារតែនេះជាលើកដំបូងដែលនាងមានឱកាសបានចេញទៅប្រកួតក្រៅប្រទេស តែទោះជាយ៉ាងណា ចន សុទីម៉ា ប្តេជ្ញាចិត្ត តស៊ូ ជំនះគ្រប់ឧបសគ្គដើម្បីទទួលបានពិន្ទុល្អក្នុងការប្រកួត ហើយអាចនាំ កម្ពុជា ចូល Top ណាមួយ  ។

តាមពិតកញ្ញា ចន សុទីម៉ា ត្រូវហោះចេញទៅទឹកដី El Salvador នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងមកនេះ តែដោយសារមានបញ្ហាបន្តិចបន្តួចក៏ត្រូវផ្លាស់ប្តូរជើងហោះហើរ តែការផ្លាស់ប្តូរជើងហោះហើរនេះ មិនបានធ្វើឱ្យប៉ះពាល់ក្នុងការប្រកួតឡើយ ពីព្រោះមានបេក្ខភាពមកពីប្រទេស ផ្សេងៗទៀតក៏មានការយឺតយ៉ាវចំពោះរឿងនេះផងដែរ  ។

មុនពេលឡើងយន្តហោះ កញ្ញា ចន សុទីម៉ា បានប្រាប់ពីអារម្មណ៍របស់នាងថា នាងពិតជាសប្បាយរីករាយណាស់ដែលតំណាង កម្ពុជា ចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅក្នុងឆ្នាំនេះ ថ្វីដ្បិតតែក្នុងចិត្តត្រេអរ និងសប្បាយ ប៉ុន្តែនាងមានអារម្មណ៍ថា ភ័យផង អរផង ពេលដែលកៀកដល់ថ្ងៃប្រកួត តែដោយសារមានការលើកទឹកចិត្តពីមិត្តភក្តិជុំវិញខ្លួន នាងប្តេជ្ញាចិត្ត នឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីនាំ កម្ពុជា ទៅលើឆាកអន្តរជាតិ ។ អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសបានផ្ញើសារជូនពរកញ្ញា ចន សុទីម៉ា ជោគជ័យ និងសំណាងល្អក្នុងការប្រកួត Miss Universe លើកទី ៧២ ដែលរៀបចំឡើងនៅប្រទេស El Salvador  ៕