ស្ត្រីជាអាជីវករឈ្មោះ រ៉េន សុវណ្ណរី អាយុ២៥ឆ្នាំ មុខរបរលក់គ្រឿងអលង្ការមាសនិងប្លាទីន«តូបលេខ៩៥» នៅផ្សារជម្ពូវ័ន មានទីលំនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ស្ត្រី២នាក់ដែលបានចោទប្រកាន់ថា ស្ត្រីសង្ស័យរូបនោះឆបោកពួកគាត់យកលុយនិងគ្រឿងអលង្ការពីពួកគាត់ទាំង២នាក់អស់សរុបអស់ជាង១ម៉ឺនដុល្លារ ព្រមទាំងលក់គ្រឿងអលង្ការកាឡៃឲ្យថែមទៀត។
ការឃាត់ខ្លួនស្ត្រីអាជីវករលក់មាស១រូបខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចតូបលក់មាស «តូបលេខ៩៥» ស្ថិតនៅក្នុងផ្សារជម្ពូវ័ន។
ស្ត្រីជាជនរងគ្រោះប្ដឹងសុំការអន្តរាគមន៍ពីកម្លាំងនគរបាល ទី១-ឈ្មោះ សូត្រ ក្មិច អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បាត់បង់សរុប៤,៦៩០ដុល្លារ ដោយជនសង្ស័យលក់គ្រឿងអលង្ការកាឡៃឲ្យគាត់ និង២-ឈ្មោះ ពុំ ចាន់ថន អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ខាតបង់អស់លុយសរុបជាង៧ពាន់ដុល្លារ ។
ក្រោយទទួលបានពាក្យបណ្ដឹងពីស្ត្រីរងគ្រោះទាំង២នាក់ខាងលើ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យនាំទៅសាកសួរ ហើយស្ត្រីនោះបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆបោកជនរងគ្រោះមែន ហើយពេលនេះខ្លួនគ្មានលទ្ធភាពសងទេ ។ បន្ទាប់មកបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបន្ថែមបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕