សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងម្សៀចាស់វស្សារឿងការសរសេរនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ព្រោះតែសិក្សាមិនចប់ថ្នាក់បណ្ឌិត ទើបមិនយល់ពីការសរសេរបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២វិច្ឆិកានេះ ណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសំអាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិនយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។
សម្ដេចធិបតីបានបញ្ជាក់ថា និក្ខេបបទបណ្ឌិតដែលសម្ដេចបានសរសេរកាលពីជាង ២០ឆ្នាំមុននោះ គឺផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេស គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ៕