ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កែវ សុជាតិ បានសម្តែងសោកស្តាយមន្ត្រីអត្រានុកូលដ្ឋាន ធ្វើរឿងហួសហេតុពេកហេីយ នាំទុក្ខឲ្យប្រជាជន ដោយមិនទទួលស្គាល់កំហុសរបស់ខ្លួន។
លោក កែវ សុជាតិ បានសរសេរបែបនេះ៖ សំបុត្រកំណេីតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកអោយប្រជាជនទៅវិញ។
លោកថា ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសអស់លោក ហេតុអ្វីបែរជាតម្រូវអោយប្រជាជនរត់ទៅនេះទៅនោះ ចុងក្រោយអោយទៅតុលាការ ទាំងគាត់គ្មានកំហុសសោះបែបនេះទៅវិញ? ? ?
ខ្ញុំនឹងបញ្ចេញឯកសារពេលក្រោយ ថាជាកំហុសអស់លោកដែលគ្មានសមត្ថភាពចម្លងចូលសៀវភៅអោយបានត្រឹមត្រូវ។
គួរបញ្ជាក់ផងដែរថា សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត អាចចេញជូនបានតែម្ដងប៉ុណ្ណោះ ដូចនេះ ដើម្បីអាចប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែង យើងត្រូវស្នើសុំទៅមន្រ្តីអត្រានុកូលដ្ឋាន ដើម្បីទទួលបានក្រដាសអត្រានុកូលដ្ឋានមួយប្រភេទគឺសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត យកមកប្រើប្រាស់។ ជាទូទៅប្រសិន បើក្នុងករណីដែលការសុំចម្លងស្ថិតនៅក្នុងឆ្នាំដដែលជាមួយនឹងការចុះបញ្ជី នោះការសុំចម្លងអាចធ្វើនៅត្រឹមថ្នាក់ឃុំ/ សង្កាត់ ដែលមានមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ជាអ្នកផ្ដល់ជូន ប៉ុន្តែបើករណីផុតឆ្នាំ នោះការសុំចម្លងត្រូវតែធ្វើឡើងនៅថ្នាក់ក្រុង/ស្រុក/ខណ្ឌ ដោយសារតែរៀងរាល់ចុងឆ្នាំសៀវភៅបញ្ជីអត្រានុកូលដ្ឋានទាំងអស់ ត្រូវបានបញ្ជូនទៅថ្នាក់ក្រុង/ស្រុក/ខណ្ឌទាំងអស់។
សរុបមកអត្រានុកូលដ្ឋានកំណើត គឺជាឯកសារដ៏សំខាន់មួយដែលបានកត់ត្រា ក៏ដូចជាបានបង្ហាញនូវស្ថានភាពកំណើតរបស់បុគ្គលគ្រប់ៗរូប៕