គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ចេញសេចក្ដីណែនាំស្តីពី វិធានការទប់ស្កាត់ការផ្សព្វផ្សាយនិងការចែកចាយ ព័ត៌មានអវិជ្ជមានរបស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា។
គណៈសង្ឃនាយក បានលើកឡើងថា ក្នុងបរិការណ៍ដែលប្រជាពុទ្ធបរិស័ទខ្មែរ បាននិងកំពុងគោរពប្រតិបត្តិដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្ស ព្រមទាំងលើកកម្ពស់វិស័យពុទ្ធសាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៣ ថា “ពុទ្ធសាសនាជាសាសនារបស់រដ្ឋ”។
ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធ បច្ចេកវិទ្យាទំនើប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសង្កេតឃើញថា ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងតែយកបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសប៊ុក តិកតុក យូធូប គេហទំព័រជាដើម ដើម្បីផ្សព្វផ្សាយ និងចែកចាយរូបភាព សារជាអក្សរ សំឡេង និងវីដេអូប្រាសចាកក្រមសីលធម៌ អភិសមាចារ វិន័យសង្ឃនិងច្បាប់រដ្ឋ ព្រមទាំងបានធ្វើការវាយប្រហារ ដៀមដាមពីបុគ្គលម្ខាងទៅបុគ្គលម្ខាងទៀត ដែលកំពុងប្រណិប័តន៍ អនុវត្តជំនឿនិងរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរពីបុរាណរៀងមក ការណ៍នេះជាហេតុបច្ច័យបង្កឱ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណនិងកិត្យានុភាពជាតិខ្មែរ ពុំអាចទទួលយកបានឡើយ។
ដើម្បីជៀសវាងនូវផលប៉ះពាល់និងឥទ្ធិពលអាក្រក់ ក៏ដូចជាការរក្សាបាននូវសេចក្ដីថ្លៃថ្នូរ គុណតម្លៃ ព្រះសង្ឃខ្មែរទូទៅ តម្លៃពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណ សីលធម៌សង្គមនិងកិត្យានុភាពជាតិ គណៈសង្ឃនាយក ណែនាំដល់ព្រះសង្ឃបព្វជិតពុទ្ធសាសនាមួយចំនួន តូច ដែលកំពុងស្ថិតក្នុងស្ថានភាពប្រាសចាកវិន័យសីលធម៌ ហើយប្រើប្រាស់បណ្តាញសង្គម បញ្ឈប់នូវរាល់ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានអវិជ្ជមាន និងអកុសល ក្នុងនោះរួមមាន៖ សារជាអក្សរ សារជាសំឡេង និងវីដេអូ ព្រមទាំងសារមានចរិតលក្ខណៈញុះញង់ អុជអាល បំបែកបំបាក់សាមគ្គីភាព ឱ្យខានតែបាន និងរួសរាន់បំផុត។
ជាមួយគ្នានេះ គណៈសង្ឃនាយក សូមព្រះមេគណគ្រប់រាជធានី-ខេត្ត ព្រះគ្រូអនុគណគ្រប់ក្រុង-ស្រុក-ខណ្ឌនិងព្រះចៅអធិការគ្រប់វត្តអារាម ធ្វើការណែនាំ ព្រះសង្ឃបព្វជិត ពុទ្ធសាសនាខ្មែរទាំងអស់ទូទាំងប្រទេស ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យផ្សព្វផ្សាយនិងចែក ចាយព័ត៍មាន តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជា សារជាសំឡេងសារជាអក្សរនិងសារជាវីដេអូប្រកបដោយការអប់រំ ឱ្យប្រព្រឹត្តល្អនិងការអប់រំសីលធម៌ សុជីវធម៌ ក្នុងផ្លូវវិជ្ជមានព្រមទាំងកុសលតែម៉្យាង សំដៅនាំមកនូវ ឧត្តមប្រយោជន៍ដល់ពុទ្ធសាសនានិងសង្គមជាតិ៕
អត្ថបទ៖ អក្ខរា