KOICA នឹងប្តេជ្ញាគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឈានទៅដល់ឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅថា KOICA។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងកម្មពិធីប្រារព្ធខួបលើកទី២០ឆ្នាំនៃការិយាល័យ KOICA ប្រចំានៅកម្ពុជាកាលថ្ងៃទី២៧ខែតុលា បានគូសបញ្ជាក់ថា« KOICA បានអនុវត្តគម្រោងចំនួន៥៤ និងកម្មវិធីពិគ្រោះយោបល់ចំនួន២២ រួមទាំងការសិក្សាលទ្ធភាព បានអញ្ជើញមន្ត្រីរដ្ឋាភិបាលជាង ៣ ៥០០នាក់ទៅបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េ បញ្ជូនអ្នកស្ម័គ្រចិត្ត និងអ្នកជំនាញការជាង១ ៥០០នាក់ ដែលគាំទ្រក្នុងវិស័យផ្សេងៗដូចជា សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ និងសេវាសាធារណៈ។ នៅឆ្នាំ២០២៣នេះ KOICA បានផ្តល់ជំនួយប្រហែល ២៨,៩លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងចំនួន១៥ កម្មវិធីភាពជាដៃគូសាធារណៈនិងឯកជនចំនួន២០ កម្មវិធីអាហារូបករណ៍សកល កម្មវិធីអ្នកស្ម័គ្រចិត្តជាដើម»។
សេចក្តីប្រកាសព័ត៌មានដដែលលើកឡើងថា វិស័យសហប្រតិបត្តិការជាអាទិភាពរបស់KOICA គឺ ទី១)-សុខភាពសាធារណៈ មានដូចជា សាងសង់មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មណ្ឌលសុខភាពមាតានិងទារកក្នុងខេត្តរតនគិរីនិងមណ្ឌលគិរី, ទី២)-ការអប់រំ មានដូចជាការ សាងសង់ និងគាំទ្រ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា និងការបង្កើតដេប៉ាតឺម៉ង់វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លើសពីនេះទៅទៀតKOICA បច្ចុប្បន្នកំពុងសហការជាមួយអង្គការអន្តរជាតិនានា មានដូចជា៖១)-គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ,ទី២)-កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលដាំដុះតាមផ្ទះ ជាមួយកម្មវិធីស្បៀងអាហារពិភពលោក និង ទី៣)-គម្រោងពង្រឹងគុណភាពនិងលើកកំពស់សមធម៌សេវាសុខាភិបាល ជាមួយធនាគារពិភពលោក ដែលគម្រោងទាំងអស់នោះ កំពុងតែដំណើរការយ៉ាងសកម្មនៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថាកម្មពិធីប្រារព្ធខួបលើកទី២០ឆ្នាំនៃការិយាល័យ KOICA ប្រចំានៅកម្ពុជាមានការអញ្ចើញចូលរួមពី លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា, លោក Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា លោកស្រី Choi Moon Jung ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា និង លោក អ៊ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
អត្ថបទ៖សារេត