សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អ្វីក៏ដោយ ត្រូវធ្វើឡើង ត្រូវដាក់ទិសដៅប្រជាពលរដ្ឋជាគោលដៅធំ អ្វីដែលយើងក៏សាងត្រូវតែជាមូលដ្ឋានសម្រាប់បម្រើ និងការសម្រេចភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ នេះហើយគឺជាអ្វីនៃការបម្រើការអភិវឌ្ឍដោយចីរភាព និងដោយសមធម៌ នៅក្នុងគោលរាជរដ្ឋាភិបាលកន្លងទៅ និងសម្រាប់អនុវត្តបន្តរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣។
គោលដៅ “កម្ពុជាគ្មានមីនឆ្នាំ២០២៥” បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។
ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺកម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ៕
អត្ថបទ៖ អក្ខរា