ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដែងការគាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។
កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ចក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការផ្សព្វផ្សាយ «ភាពជាខ្មែរ» ទាំងថ្នាក់ជាតិ និងឆាកអន្តជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារការទូតសេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការនាំចេញ ទាក់ទាញវិនិយោគ និងផ្សព្វផ្សាយវប្បធ៌ម ខ្មែរ រួមបញ្ចូលទាំងកីឡា សាសនា និងផលិតផលទេសចរណ៍លើឆាកអន្តរជាតិ៕