សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បក្សពួក និងអ្នកមានអំណាចរបស់សម្តេច គឺប្រជាជនកម្ពុជា ១៧លាននាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបចំពោះការរិះគន់ និងការចោទប្រកាន់របស់ក្រុមប្រឆាំងពោះថា សម្តេចអភិវឌ្ឍប្រទេសតែសម្រាប់បក្ខពួក និងអ្នកមានអំណាចប៉ុណ្ណោះ។ សម្តេចបកស្រាយថា បក្ខពួករបស់សម្តេច គឺប្រជាជនកម្ពុជា ១៧លាននាក់ ហើយអ្នកដែលមានអំណាចនៅក្នុងចិត្តរបស់សម្តេច នោះគឺប្រជាពលរដ្ឋខ្មែរតែម្តង។

សម្តេចមធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨ ០២៨នាក់ ដែលមានមូលដ្ឋានមកពីរោងចក្រ សហគ្រាសមកពីខណ្ខមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីអត្ថន័យនៃការអភិវឌ្ឍ និងទស្សនៈនៃការអភិវឌ្ឍ ដោយបានផ្តល់និយមន័យថា ការអភិវឌ្ឍ គឺជាការធ្វើឱ្យប្រជាជនមានបាន ហើយធ្វើឱ្យកន្លែងមួយមានតម្លៃកើនឡើង និងក្លាយជាទីតាំងដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជនឱ្យបានកាន់តែច្រើនគ្នា។ ជាក់ស្តែង ការបង្កើតផ្សារអ៉ីអន គឺបានកែប្រែដីទំហំ ១៧ហិកតា ឱ្យក្លាយជាមូលដ្ឋានដែលបង្កើតបាននូវផលប្រយោជន៍ច្រើនសម្រាប់ប្រជាជន ជាពិសេសតាមរយៈឱកាសការងារ និងឱកាសទីផ្សារសម្រាប់អាជីវកម្មដ៏សម្បូរបែប។

បើតាមសម្តេច ជារួម ការអភិវឌ្ឍពិតប្រាកដ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺការខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្តល់ផលប្រយោជន៍ ពង្រីកផលប្រយោជន៍ និងថែរក្សាផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ចំនួន ១៧លាន​នាក់ ដែលជាម្ចាស់អំណាច៕

អត្ថបទ៖ អក្ខរា