ឥណ្ឌា បញ្ជាក់ជាថ្មីពីការប្តេជ្ញាគាំទ្រកម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍជាតិ

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួប​​សម្តែងការគួរសមពីលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

ភាគីទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើរ នៃមិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរជាច្រើនឆ្នាំមកនេះ ហើយបានប្ដេជ្ញារួមគ្នាក្នុងការធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន នយោ​បាយ ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការពារជាតិ ទេសចរណ៍ និងការតភ្ជាប់ រវាងប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានរំលឹកដោយក្តីសោមនស្ស និងបានចាត់ទុកព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង​គោក​​កម្ពុជា នៅសាធារណរដ្ឋឥណ្ឌា កាលពីដើមឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង ដ៏ប្រសើររវាងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ឥណ្ឌា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញារបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រកម្ពុជាដើម្បីពន្លឿនការអភិវឌ្ឍជាតិ។

ភាគីទាំងពីរ បានកត់សម្គាល់ដោយក្តីរីករាយចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សាបន្ថែមអំពី មធ្យោបាយថ្មីៗ ដើម្បីបំពេញបន្ថែមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដែលមានគោល បំណងពង្រីកការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ន កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៣ រវាងក្រសួងការបរទេសទាំង​ពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ញូវដែលី នាពេលឆាប់ៗខាងមុខ ដែលកិច្ចប្រជុំនេះជាយន្តការសំខាន់សម្រាប់​​​ពិនិត្យឡើងវិញនូវកិច្ចសហការដែលកំពុងមាន ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ និងកំណត់ទិស​ដៅសកម្មភាពថ្មី ផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូនៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការធ្វើការរួមគ្នាបន្ថែមទៀត ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ប្រយោ​ជន៍យ៉ាងធំធេងក្នុងការអភិវឌ្ឍឌីជីថល នៅកម្ពុជា។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួម ព្រមទាំងបាន​ឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគីផងដែរ៕