អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករងពន្ធនាគារ, ប្រធាននាយកដ្ឋានសន្ដិសុខពន្ធនាគារ, ប្រធានពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្ដម ឈន សាណាត បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះមន្ដ្រីពន្ធនាគាររាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងបំពេញការងារ ក្នុងរយៈពេលកន្លង នៅតាមពន្ធនាគារនីមួយៗ។ លើសពីនេះ ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ក៏បានធ្វើការណែនាំដល់មន្ដ្រីពន្ធនាគារទាំងអស់ ត្រូវអនុវត្តនូវវិធានាការនានាឱ្យបានម៉ឺងមាត់ ក្នុងការគ្រប់គ្រងពន្ធនាគារ។
ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ បន្ដថា មន្ដ្រីពន្ធនាគាររាជធានី-ខេត្តទាំងអស់ ត្រូវមានការឆែកឆេរឱ្យបានជាប់ជាប្រចាំ ចំពោះអ្នកចូលសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារ។ ជាពិសេសទៀតនោះ មន្ដ្រីពន្ធនាគារ ត្រូវសហការឱ្យបានជាប់ជាប្រចាំជាមួយ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ នៅពេលបញ្ជូនជនជាប់ឃុំ ទៅមន្ទីរពេទ្យ ឬតុលាការ ជាដើម ដើម្បីការពារជនជាប់ឃុំទាំងនោះ កុំឱ្យមានកើតឡើងករណីណាមួយផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត បានផ្ដាំផ្ញើដល់មន្ដ្រីពន្ធនាគាររាជធានី-ខេត្ត ត្រូវមានការត្រួតពិនិត្យ ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក នៅជុំវិញអគារពន្ធនាគារ។ មន្ដ្រីពន្ធនាគារ ត្រូវធ្វើអនាម័យសម្អាតជាប្រចាំ នៅបន្ទប់ឃុំ អគារឃុំ និងបរិវេនពន្ធនាគារ៕