មិនទាន់សម្រាលកូនទី ២ ផង ឱក សុគន្ធកញ្ញា នឹកចង់បានកូនទី ៣ បាត់ !

ថ្វីដ្បិតតែពេលនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងពពោះកូនទី ២ ប៉ុន្តែនាងបែរជាពោលពាក្យចង់បានកូនទី ៣ ទៅហើយ ។ 

បើតាមគម្រោងតារាចម្រៀង ឱក សុគន្ធកញ្ញា មានបំណងប្រាថ្នាចង់បានកូន ៣ នាក់ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ ពីព្រោះនាងនិងស្វាមីសុទ្ធតែចង់បានកូនច្រើននាក់ ជាក់ស្តែងនៅពេលដែលកំពុងពពោះកូនទី ២ នៅក្នុងផ្ទៃ ស្រាប់តែតារាស្រីរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្រខ្លួនថា នាងនឹងយកកូនជាបន្តបន្ទាប់ក្រោយពីសម្រាលកូនទី​២ រួច ។ 

បន្ទាប់ពីឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញពីគម្រោងយកកូនទី ៣បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ហើយគ្រប់គ្នាបានផ្ញើសារជូនពរនាងសម្រេចបំណងក្នុងពេលឆាប់ៗ ។

មកទល់ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា មានផ្ទៃពោះជាង ៦ ខែហើយ តាមគម្រោងនាងនឹងត្រូវសម្រាកកូននៅក្នុងដើមខែមករា ឆ្នាំ ២០២៣ ដោយនាងជ្រើសរើសការទៅសម្រាលកូននៅក្រៅប្រទេ​សដូចពេលដែលនាងសម្រាលកូនប្រុសច្បង ។ ជារៀងរាល់ខែនាងតែងតែហោះទៅពិនិត្យសុខភាពនៅប្រទេស ថៃ ជាប្រចាំ ដើម្បីតាមដានសុខភាពនាងនិងកូនក្នុងផ្ទៃ ។ 

ទោះបីជាពេលនេះ ឱក សុគន្ធកញ្ញា កំពុងពពោះកូនក្នុងផ្ទៃ ប៉ុន្តែនាងមិនទាន់សម្រាកពីការងារសិល្បៈនៅឡើយទេ នាងនៅតែទទួលការងារជាបន្តបន្ទាប់ ដោយសារនាងមិនចង់នៅផ្ទះទំនេរឥតប្រយោជន៍ ចំណែកស្វាមីនាងក៏មិនបានហាមឃាត់នាងចំពោះរឿងនេះដែរ ផ្ទុយទៅវិញស្វាមីនាងគឺជាជំនួយការពិសេសផ្ទាល់ខ្លួន ដែលធ្វើឱ្យនាងកក់ក្តៅចិត្ត ។ 

ឱក សុគន្ធកញ្ញា គឺជាអ្នកម្តាយដ៏ស្រស់ស្អាតបំផុត ក្នុងអំឡុងពេលនាងមានផ្ទៃពោះម្តងៗ តាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ គឺសម្រស់នាងកាន់តែស្រស់ស្អាតឡើ់ងពីមួយថ្ងៃទៅមួយថ្ងៃ ៕