ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការដោះទឹកនិងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរពាក់ព័ន្ធទាំងអស់នៃសាលារាជធានីភ្នំពេញ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់បានយល់ព្រម ដោយក្រសួងធនធានទឹក និងឧតុនិយមនឹងធ្វើការដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់ចូលទៅ ក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប ដោយធានាបាននូវសន្តិសុខទឹក និងកាត់បន្ថយនូវហានិភ័យនៃជំនន់គ្រប់ប្រភេទលើទីក្រុងភ្នំពេញខណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញទទួលបន្ទុកកិច្ចការដោះទឹកចេញពីផ្ទៃក្នុងរាជធានីភ្នំពេញបង្ហូរចូលទៅក្នុងបណ្តាអាងទន្លេ ដោយឆ្លងកាត់ការចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវជាមុន៕