អ្នកនាំពាក្យ៖ ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសយប់មិញជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!

លោក ទូច សុឃៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ បានលើកឡើងថា កម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងដែលសង្ស័យថាផលិតរឿងអាសអាភាសកាលពីយប់មិញនេះ គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទិសដៅទាំងពីរ ដែលប្រតិបត្តិការជាមួយគ្នាកាលពីយប់មិញនេះ រួមមាន ជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។ 

ឯទិសដៅទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន «១-បញ្ហាគ្រឿងញៀន។ ២-បញ្ហាចរាចរណ៍។ ៣-ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ ៤-ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ប្រភេទ។ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង៦-បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។ លោកបន្ថែម។

ទន្ទឹមនឹងនេះអ្នកនាំពាក្យរងរូបនេះក៏សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះការទទួលខុសត្រូវលើភារកិច្ចប្រកដោយមនសិការវិជ្ជាជីវៈរបស់កម្លាំងចម្រុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងមូលដ្ឋាននៃដែនសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបថា សមត្ថកិច្ចក្រុងភ្នំពេញ បានចុះបង្ក្រាបនៅខុនដូមួយកន្លែង​ នៅជាន់ទី៩​ សង្ស័យជាកន្លែងថតរឿងអាសអាភាស​ និងជួញដូរផ្លូវភេទ ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោងម៉ោង ៨:៣០​យប់​ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ប្រតិបត្តិការបង្ក្រាបនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាច្រេីននាក់​ ដែលភាគច្រេីនជាជនបរទេស៕