សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចងសម្ព័ន្ធភាពនេះ ជាការប្រមូលផ្តុំគណបក្សនយោបាយមួយៗ ដែលនៅបែកខ្ញែក ឲ្យទៅជាគណបក្សមួយដែលមានកម្លាំងខ្លាំង ហើយសម្តេចក៏ចាត់ថា ការចងសម្ព័ន្ធភាពនេះ ក៏ជាផ្នែកមួយនៃការរួបរួមជាតិ និងការកសាងវប្បធម៌សន្ទនា។
ការចុះហត្ថលេខាចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងទៀតនេះ ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យបានភាពសុខសាន្ដ និងការអភិវឌ្ឍន៍ប្រទេសរយៈពេលយូរអង្វែង។
យោងតាមសេចក្ដីប្រកាសព័ត៌មាននាពេលកន្លងទៅ របស់បណ្ដាគណបក្សនយោបាយដែលប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច ក៏សុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគេបានមើលឃើញពីឆន្ទៈ និងគោលនយោបាយ ប្រហាក់ប្រហែលគ្នា វត្ថុបំណងស្រលាញ់ការពារសន្តិភាព រក្សាស្ថិរភាពនយោបាយដើម្បីបន្តភាពរីកចម្រើនជាលំដាប់ ដូច្នេះហើយទើបសម្រេចចិត្តស្នើសុំចងសម្ព័ន្ធភាពពុំមានការរុញរាឡើយ។
គណបក្សនយោបាយទាំងនោះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅ រកសុខសន្តិភាព រក្សាបានស្ថិរភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ៕
អត្ថបទ៖ អក្ខរា