ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានជិត២ម៉ឺនហិចតាហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ។
លោក ងិន ហ៊ុន ប្រធានមន្ទីរបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវវស្សាបានចំនួន ១៩ ៧៣១ហិចតា ដោយទទួលបានទិន្នផលជាមធ្យម ចំនួន៤ ០៨៤ គីឡូក្រាមក្នុង១ហិចតា ។
លោកបន្តថា ចំពោះតម្លៃស្រូវ នៅក្នុងសប្តាហ៍នេះ ស្រូវក្រអូបស្ងួតតម្លៃ១ ៥៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៦០រៀល ក្នុង១គីឡូក្រាម ។ ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១ ៤៧០ រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម ។
ស្រូវIRសើម តម្លៃ១ ១២០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ចំនួន ២១០រៀល ក្នុង១គីឡូក្រាម ៕