«ផ្ទះបរិច្ចាគ» ដំបូងគេមួយកន្លែងនៅមុខសាលាខេត្តប៉ៃលិន ត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ ដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត។
លោកជំទាវអភិបាលខេត្ត នៅថ្ងៃទី២៤ ខែតុលានេះ បានយកអំណោយរបស់សប្បុរសជន មកដាក់ក្នុងផ្ទះបរិច្ចាគ និងបានអំពាវនាវដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត។
ផ្ទះបរិច្ចាគនេះ ទើបតែដាក់ដំណើរការសាកល្បងនាអំឡុងភ្ជុំបិណ្ឌកន្លងទៅនេះ។ គេសង្កេតឃើញថា មានសប្បុរសជននានាពីគ្រប់មជ្ឈដ្ឋាន បានយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់។ល។ មកដាក់នៅក្នុងផ្ទះបរិច្ចាគនេះជាបន្តបន្ទាប់ ហើយក៏មានពលរដ្ឋអ្នកខ្វះខាត ចាស់ជរា និងជនទីទាល់ក្រ បានមកទទួលយកក្នុង១គ្រួសារបាន១កញ្ចប់។
តាមរយៈគំនិតផ្តួចផ្តើម ដែលជាវប្បធម៌នៃការចែករំលែកដល់អ្នកខ្វះខាតនេះ ត្រូវបានពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនសារទរ និងចាត់ទុកជាគំរូដ៏ល្អដែលបណ្ដាខេត្តដ៏ទៃទៀតគួរគិតគូរ និងយកគំរូតាម។ ពួកគេក៏ចង់ឲ្យមានផ្ទះបរិច្ចាគ កាន់តែច្រលន មាននៅគ្រប់តំបន់របស់ពួកគេរស់នៅ និងបណ្ដាខេត្តផ្សេងៗទៀតផងដែរ៕
អត្ថបទ៖ អក្ខរា