វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេសកូឡុំប៊ីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។ ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWFកម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្តេជ្ញាចិត្តក្នុងការអភិរក្សសត្វផ្សោតទឹកសាបក្នុងប្រទេសផងដែរ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ “នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និងការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់កម្ពុជាក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតំលៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្ត្រ ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានារួមគ្នា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។”
អ្នកនាង មាស សុខសោភា តារាចម្រៀង ដែលមានអ្នកគាំទ្រជាង ៥លាននាក់ក្នុងបណ្ដាញហ្វេសប៊ុក បានបង្ហាញពីមោទនភាពដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពីសត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ អ្នកនាងបន្តថា “នេះគឺជាមោទនភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។”
កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប ៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា ក្នុងការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។
លោក សេង ទៀក នាយកអង្គការ WWF បានថ្លែងថា៖ “ការចូលរួមពីគ្រប់ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការថ្លែងជាសកលរួមគ្នាក្នុងការការពារសត្វផ្សោតទឹកសាបនាពេលនេះ កម្ពុជាបានពាំនាំការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភា អ្នកបច្ចេកទេសវិទ្យាសាស្ត្រពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជាមួយអង្គការ WWF បង្ហាញពីសុឆន្ទៈរួមដ៏សំខាន់ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ”៕