នាយករដ្ឋមន្ត្រី៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា

«បើត្រូវការ មកប្រើប្រាស់សេវានៅទីនេះ កុំខ្លាច គឺធ្វើសម្រាប់បងប្អូនហើយ ពេទ្យធំខ្នាតអន្តរជាតិ (មន្ទីរពេទ្យជាតិតេជោសន្តិភាព) មិនមែនធ្វើឱ្យអ្នកណាទេ គឺសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដែលនឹងទទួលផល»។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិតេជោសន្តិភាព និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រូសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ប្រើប្រាស់មន្ទីរពេទ្យជាតិតេជោសន្តិភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបាននូវសេវាសុខភាព សុខាភិបាលប្រកបដោយគុណភាព។

«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលជិត ១ម៉ឺនគ្រែ។

មន្ទីរពេទ្យមានចំនួន ១១អគារដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែនិងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណតរថយន្ត ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង និងមានសួនច្បារព័ណ៌បៃតងទំហំ ៤ ៤៩០ម៉ែត្រការ៉េ៕

អត្ថបទ៖ អក្ខរា