សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធី ទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ។
ថ្លែងនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«មនុស្ស» នៅជាអាទិភាពទី១ក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈសម្តេចធិបតី បញ្ជាក់ថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់មន្ទីពេទ្យជាតិ តេជោសន្តិភាព ពិសេសមន្ទីពេទ្យរដ្ឋទាំងអស់ឱ្យអស់លទ្ធភាព ដើម្បីលើកម្ពស់វិស័យសុខាភិបាលកម្ពុជា។
ដោយសម្តេចធិបតី ក៏បានជំរុញថា៖« សូមឱ្យគ្រូពេទ្យគ្រប់រូបទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺ ដោយខិតខំបម្រើសេវាសុខភាពសារធារណៈប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងកាន់តែមានគុណភាពទ្វេដង»។
យ៉ាងណាមិញ ថ្លែងក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា តែបើមាន អាការមិនស្រួល ឬ មានជំងឺណាមួយ សូមរួសរាន់មកកាន់មន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញរង់ចាំពិនិត្យ និងព្យាបាលជំងឺផងដែរ៕
អត្ថបទ៖ រង្សី