នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យុវជនមានពិការភាព ចំនួន ៤រូប បានចេញដំណើរទៅចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣ និងយុវជនមានពិការភាព ចំនួន ១៩រូប ត្រូវប្រកួតប្រជែងតាមអនឡាញ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០២៣។
ការប្រកួតប្រជែងនេះចែកចេញជាពីរគឺ ការប្រកួតដោយផ្ទាល់ និងតាមអនឡាញ ដែលមានប្រទេសចំនួន ១៨គឺ៖ ព្រះរាជាណាចក្រកម្ពុជា អារ៉ាប់អេមីរ៉ាត កូរ៉េ ប៉ាគីស្ថាន អេហ្សីប ណេប៉ាល់ ម៉ុងហ្គោលី កេនយ៉ា អេចូពី បង់ក្លាដែស ចិន ឥណ្ឌា វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី។ ការប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាពឆ្នាំ២០២៣នេះ មានអ្នកចូលរួមសរុបចំនួន ៥៣៦រូប ក្នុងនោះយុវជនមានពិការភាពចំនួន ៤៦១រូប (ប្រកួតផ្ទាល់ចំនួន ៩៥រូប និងប្រកួតតាមអនឡាញ ចំនួន ៣៦៦រូប)។
ការប្រកួតនេះគឺមានវិញ្ញាសារចំនួន៦ មានដូចជា៖ 1-eTool (Powerpoint) 2-eTool (Excel), 3-eLifeMap 4-eContents 5-eCreative_Smart Car 6-eCreative_IoT។
ស្របជាមួយគ្នានេះដែរ ប្រតិភូកម្ពុជា ក៏នឹងចូលរួមវេទិការបរិយាបន្ននិងនវានុវត្តន៍ ហៅកាត់ថា អាយអែនអាយ (Inclusive and Innovation Forum) ដើម្បីពិភាក្សានិងអនុម័តលើកិច្ចព្រមព្រៀងអាប៊ូដាប៊ីស្តីពីការអភិវឌ្ឍន៍ផ្នែកព័ត៌មានវិទ្យាឌីជីថលនៅពេលអនាគតសម្រាប់ជនមានពិការភាព៕
អត្ថបទ៖ អក្ខរា