អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាង។
ពិធីបើកវគ្គបំប៉នជំនាញនេះ មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, គ្រូឧទ្ទេសនាម នៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ប្រចាំទីក្រុងប៉ារីស ព្រមទាំងសិក្ខាកាមចំនួន ២០រូបទៀត មកពីនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មួយចំនួន ដែលពិធីនេះរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា វគ្គសិក្សានេះពិតជាមានសារសំខាន់ណាស់ ចំពោះសិក្ខាកាមទាំងអស់ ដែលនឹងទទួលបាននូវជំនាញ និងបទពិសោធន៍ថ្មីៗ ពីអ្នកជំនាញនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង ប្រចាំទីក្រុងប៉ារីស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីឲ្យមន្ដ្រីនគរបាលជាតិកម្ពុជាមានសមត្ថភាព ប្រសិទ្ធភាពក្នុងការស៊ើបអង្កេត វិភាគ និងវាយតម្លៃ នៅកន្លែងកើតហេតុ និងធ្វើសេចក្ដីសន្និដ្ឋានបានយ៉ាងច្បាស់លាស់ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ចង់ស្មារតីត្រងត្រាប់ស្តាប់គ្រូឧទ្ទេស ត្រូវក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ទាំងនេះឲ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ សង្ឃឹមនិងជឿជាក់ថា សិក្ខាកាមទាំងអស់ នឹងទទួលបាននូវចំណេះជំនាញថ្មីៗ ហើយច្បាស់លាស់គ្រប់ៗគ្នា ក្រោយបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុនេះ ត្រូវយកចំណេះជំនាញរាយការណ៍ជូនថ្នាក់ដឹកនាំរបស់ខ្លួន និងធ្វើជាគ្រូបង្គោលដើម្បីផ្សព្វផ្សាយផងដែរ។
សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៣ ស្ដីពីបច្ចេកទេសគ្រប់គ្រងកន្លែងកើតហេតុ។ សកម្មភាពកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះ គឺជាផ្នែកមួយនៃកិច្ចសន្ទនាប្រកបដោយការជឿទុកចិត្តដ៏យូរអង្វែង រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃបារាំង៕