សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣។
សម្ដេចធិបតី បានលើកឡើងថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”។
គិតចាប់តាំងពីសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ ចាប់បដិសន្ធិរហូតមកដល់ពេលនេះមានរយៈពេល៣២ឆ្នាំហើយ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ពោលគឺដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
កិច្ចព្រមព្រៀងក្រុងប៉ារីសបែងចែកជាកិច្ចព្រមព្រៀងចំនួន២ និងសេចក្តីថ្លែងការណ៍១ ដែលសំដៅដោះស្រាយជម្លោះនៅកម្ពុជា គោរពឯករាជ្យអធិបតេយ្យ បូរណភាពអព្យាក្រឹតកម្ពុជា និងជួយស្ដារប្រទេសកម្ពុជាឡើងវិញ។ ហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសមាន១៨ប្រទេសបូកកម្ពុជា។ ប៉ុន្តែនៅពេលនោះ កម្ពុជាត្រូវបែងចែកជា៤ភាគី រួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន។
ភាគីទាំង៤ បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា៕
អត្ថបទ៖ អក្ខរា