ទំនប់អាងទឹកទាំងពីរនេះ ជួយឲ្យប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន មានទឹកគ្រប់រដូវកាល

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងសហការី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទំនប់អាងអូរតេ និងអាងទឹកទំនប់លើទំនប់ក្រោម ស្ថិតក្នុងភូមិសាស្តស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឯកឧត្តមបានឱ្យដឹងថា សមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធទឹកទាំងពីរនេះធ្វើឱ្យខេត្តមណ្ឌលគិរី និងខេត្តដែលនៅជុំវិញជៀសផុតពីការប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅខ្លាំងនៃភពផែនដី និងការវាយប្រហារ ពីសំណាក់បាតុភូតធម្មជាតិនានា។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមទៀតថា បណ្តាអាងទឹកខាងលើក៏នឹងទាក់ទាញកំណើន ក្នុងវិស័យអេកូទេសចរណ៍ឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង ជាពិសេសធ្វើឱ្យខេត្តភូមិភាគឦសានបង្កើនការផលិតបានលើគ្រប់រដូវកាល និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលទ្ធភាពបង្កើតអាងទឹកទំនប់លើទំនប់ក្រោម និង ទំនប់អាងអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ជាទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕