ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់បណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្ត គប្បីបង្កើនការយកចិត្តទុកដាក់ចាត់វិធានការលើបញ្ហាគ្រឿងញៀន ដោយប្រមូលផ្ដុំការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជារួម គប្បីប្រើកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីឈានទៅប្រយុទ្ធប្រឆាំងនឹងមេគ្រោះមួយនេះ។
ឯកឧត្ដមអភិសន្តិបណ្ឌិត បានបង្ហាញគោលដៅរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ថានឹងដាក់ចេញយុទ្ធសាស្ត្រកាត់បន្ថយបទល្មើសគ្រឿងញៀនឱ្យបានចន្លោះពី ២០% ទៅ ៣០% តាមមាគ៌ាដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជនចំនួន ០៤រូប រួមមាន៖ ឯកឧត្ដម ឡូយ សុផាត ឯកឧត្ដម ឆៃ ស៊ីណារិទ្ធ ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្ដម គៀត ច័ន្ទថារិទ្ធ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។
គួរឲ្យដឹងថា ក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការធ្វើតេស្តរកសារធាតុញៀនជាក់ស្ដែង នឹងដឹកនាំចុះអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយមន្ត្រីពេទ្យពន្ធនាគារគោលដៅនីមួយៗ រកសារធាតុញៀនលើ មន្ត្រីពន្ធនាគារពន្ធនាគារជាទូទៅ និងជនជាប់ឃុំដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនក្នុងក្របខណ្ឌទូទាំងប្រទេស។ ការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារ និងជនជាប់ឃុំទូទាំងប្រទេស ចាប់អនុវត្តដោយមិនជូនដំណឹងមុននោះទេ
ក្នុងករណីរកឃើញថា មន្ត្រីពន្ធនាគារមានចេតនាគេចវេសក្នុងការមិនចូលរួមសហការធ្វើតេស្ដ ឬរកឃើញមានសារធាតុញៀន អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពី ក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។
ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបង្កើតយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបោសសម្អាត និងបង្រ្កាបបញ្ហាគ្រឿងញៀននៅទូទាំងប្រទេសមកបញ្ហាកំណើនអ្នកទោសនៅក្នុងពន្ធនាគារត្រូវបានលើកឡើងជាបន្តបន្ទាប់។ អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញការព្រួយបារម្ភពីកំណើនជនជាប់ឃុំនាពេលបច្ចុប្បន្ន ដែលគិតមកដល់ពេលនេះមានចំនួន ៤១,៣១៨នាក់ ដោយបទល្មើសភាគច្រើន គឺគ្រឿងញៀនស្មើនឹង ៥២,៨២%។ ក្រៅពីនេះ បទល្មើសលួចមានស្ថានទម្ងន់ទោស ១០,១៥%, បទល្មើសលួច ៨,២៧%, រំលោភសេពសន្ថវៈ ៦,១៧%, បទល្មើសឃាតកម្ម ៥,៧៥% និងបទល្មើសផ្សេងៗទៀតមាន ១៦,៨៦%៕
អត្ថបទ៖ អក្ខរា