ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានហឫទ័យសោមនស្សរីករាយ និងសម្ដែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្ររបស់សម្ដេចមហាបវរធិបតី ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យខ្ពស់ ម៉ឺងម៉ាត់ និងឈ្លាសវៃ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិមានភាពរីកចម្រើន។ នេះបើតាមព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រ ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាន នាឱកាសថ្ងៃខួបចម្រេីនជន្មាយុដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គម្រប់ខួប៤៦ ឈានចូល៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណា ព្រះមហាក្សត្រ សូមប្រសិទ្ធពរជ័យ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហា ជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ៕
អត្ថបទ៖ អក្ខរា