NEA ៖ ឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងត្រៀមស្វាគមន៍ដល់យុវជនកម្ពុជា

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងត្រូវបានរៀបចំឡើក្នុងខែវិច្ឆិកា ខាងមុខនេះ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជនកម្ពុជាផងដែរ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នឹងរៀបចំឡើងនៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែតុលា នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២០ ០០០កន្លែង ហើយក្រសួងរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់។

លោកបញ្ជាក់ទៀតថា៖« គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣  នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ ពិសេសដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន»។

ជាមួយគ្នានេះ លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញ បានចាត់ទុកពិព័រណ៍ការងារនេះ គឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ ហើយលោកក៏បានអំពាវនាដល់យុវជនទាំងអស់ ឲ្យត្រៀមរៀបចំ CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយៈពេល ២ថ្ងៃ នេះផងដែរ។ 

ទន្ទឹមគ្នានេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគម TAFTAC បានសង្កត់ធ្ងន់ ក្នុងពិព័រណ៍ការងារថ្ងៃទី២ នឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្តោតលើប្រធានបទ “ឱកាស និងបញ្ហាប្រឈមនៃផលិតភាពការងារថែមទៀត។

គួរបញ្ជាក់ដែរថា “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និង អង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ http://careerfair.nea.gov.kh/៕ 

អត្ថបទ៖ ពិសី