តាំងពីឡើងងារជាឧកញ៉ាជាង២ ឆ្នាំមកនេះ តារាចម្រៀងលោក ព្រាប សុវត្ថិ កម្រនឹងចេញទៅសម្តែងនៅក្រៅប្រទេសណាស់ ដោយឡែកចុងក្រោយនេះ បន្ទាប់ពីបានចេញទៅសម្តែងនៅប្រទេស កូរ៉េ មុនអំឡុងបុណ្យភ្ជុំបិណ្ឌមក ស្រាប់តែពេលនេះលោកមានគម្រោងនឹងចេញទៅសម្តែងនៅប្រទេស អូស្រ្តាលី ជាបន្តទៀតរួមជាមួយកូនប្រុសជាទីស្រឡាញ់ទាំង ៣ នាក់ ។
លោក ព្រាប សុវត្ថិ បានចេញវិដេអូនៅថ្ងៃនេះប្រាប់ទៅកាន់អ្នកគាំទ្ររបស់លោកថា នៅថ្ងៃទី ២១ ខែ តុលា នេះ លោក នឹងចេញសម្តែង ព្រមទាំងជួបបងប្អូន ខ្មែរ នៅទីក្រុង មែលប៊ន ប្រទេស អូស្រ្តាលី ដោយលោកទៅលើកនេះជាមួយកូនប្រុសទាំង ៣ នាក់ រួមជាមួយក្រុមភ្លេងផងដែរ ។
គ្រាន់តែដឹងថា តារាចម្រៀងលោក ព្រាប សុវត្ថិ នឹងចេញទៅសម្តែងនៅប្រទេស អូស្រ្តាលី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនដែលរស់នៅទីនោះ រងចាំស្វាគមន៍លោកគ្រប់ៗគ្នា ដូចដឹងស្រាប់ហើយថា លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងល្បីល្បាញលំដាប់ប្រទេស ដែលមានអ្នកស្រឡាញ់ និង គាំទ្រច្រើន ជាពិសេសពេលនេះ លោកបាននាំកូនប្រុសជាទីស្រឡាញ់ទៅច្រៀង និង សម្តែងរួមគ្នាតែម្តង គឺដឹងតែកក្រើកទីក្រុង មែលប៊ន ហើយ ៕