ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំដល់ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ជាពិសេស សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ, បទល្មើសឆក់ ប្លន់ និងការចាប់ជំរិត ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម ពិសេស ការធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត “គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”។
ឯកឧត្តមបញ្ជាក់ថា ចំពោះជនបរទេសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ ត្រង់ចំណុចនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនផងដែរថា នៅពេលចោទប្រកាន់ ការស៊ើបសួរ ឬការឃុំខ្លួនជនល្មើសដែលមានសញ្ជាតិ ២ (ដែលមានសញ្ជាតិមួយជាសញ្ជាតិខ្មែរ), សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ មិនត្រូវធ្វើការជូនដំណឹងទៅស្ថានទូតបរទេសដោយផ្អែកតាមអនុសញ្ញាទីក្រុងវីយ៉ែនទេ ព្រោះត្រូវចាត់ទុកជនល្មើសនោះជាជនជាតិខ្មែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរថា ការជូនដំណឹងទៅស្ថានទូតបរទេស មានន័យស្មើនឹងការឱ្យតម្លៃដល់សញ្ជាតិគេជាងសញ្ជាតិខ្មែររបស់យើង។ ក្នុងន័យនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏សូមស្នើឱ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងកំណត់អត្តសញ្ញាណរបស់ជនល្មើសឱ្យបានច្បាស់លាស់។
សូមជម្រាបថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដោយឯកឧត្តម រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួស ឯកឧត្តម ស៊ិន វិរៈ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺវិញ៕
អត្ថបទ៖ អក្ខរា