ក្រសួងទេសចរណ៍ បានឲ្យដឹងពីស្ថានភាពទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ រួមមាន៖ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និង ទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖ ១. ត្បូងឃ្មុំ : ៤៤០.៣០០ នាក់ ២. បាត់ដំបង : ២១១.៣២៩ នាក់ ៣. កំពង់ឆ្នាំង : ១៦៨.០៦១ នាក់ ៤. ព្រះសីហនុ : ១៥៧.០៤៦ នាក់ និង៥. សៀមរាប : ១២៥.៤៤៩ នាក់ ។
ក្រសួងបានបញ្ជាក់ថា ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។
ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច ខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។
សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់៕