តារាសម្តែង មាន សូនីតា នៅតែព្យាយាមលាក់បាំងរឿងគូស្នេហ៍ បើទោះបីជានាងធ្លាប់បង្ហើបចង់រៀបការនៅបំណាច់ឆ្នាំ ២០២៣ នេះក្តី ជាក់ស្តែងក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងមក នាងនិងគូស្នេហ៍កាន់តែ បង្ហាញភាពផ្អែមល្ហែម និងបានបណ្តើរគ្នាទៅវត្តរួមគ្នាយ៉ាងមានក្តីសុខបំផុត ។
ក្នុ្ងងរដូវបុណ្យភ្ជុំបិណ្ឌនេះ កញ្ញា មាន សូនីតា បានទៅវត្តតាមប្រពៃណីជាមួយក្រុមគ្រួសារ ហើយនាងថែមទាំងបានវេចនំអន្សោមជូនម៉ែក្មេកផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ចង់ឃើញមុខគូស្នេហ៍របស់នាងគ្រប់ៗគ្នា ។ តាមរយៈវិដេអូវេចនំអន្សោមជូនម៉ែក្មេកនោះកាន់តែបង្ហាញឱ្យឃើញថា មាន សូនីតា អាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ។
កន្លងមកកញ្ញា មាន សូនីតា ធ្លាប់បានប្រាប់ថា នាងគ្រោងនឹងរៀបការនៅបំណាច់ឆ្នាំ ២០២៣ ជាមួយបុរសរកស៊ីម្នាក់ ប៉ុន្តែមកទល់ពេលនេះហើយ នាងនៅតែព្យាយាមលាក់បាំងមិនបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍នាង សូម្បីតែមិត្តស្និទ្ធស្នាលរបស់នាង ក៏គ្មាននរណាស្គាល់ដែរ ។ តើ មាន សូនីតា នឹងលាក់រឿងឯកជនរបស់ខ្លួនដល់ពេលណា ?
ជួបជាមួយកញ្ញា មាន សូនីតា កាលពីពេលថ្មីៗនេះ នាងបានប្រាប់ថា ពេលនាងសម្រេចចិត្តរៀបការ នាងនឹងបង្ហាញមុខមាត់គូស្នេហ៍នាងភ្លាម ប៉ុន្តែពេលនេះមិនទាន់ដល់ពេលទេ ។
កញ្ញា មាន សូនីតា កំពុងសម្រុករកលុយ ទាំងការងារសិល្បៈ និងការងាររកស៊ី ដើម្បីទុកជាដើមទុន មុនពេលពិធីមង្គលការរបស់ខ្លួនមកដល់ ពីព្រោះនាងមិនចង់ពឹងពាក់ទាំងស្រុងលើអនាគតស្វាមីនោះទេ៕