ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
ក្រសួងពាណិជ្ជកម្ម បានជម្រាបទៅផលិតករ ឬអ្នកនាំចេញទោចក្រយានទាំងអស់ថា យោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប បានសម្រេចឱ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប។
វិធានបូកបន្ថែមនេះ អនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំ ចេញទៅសហភាពអឺរ៉ុប។ ការប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំដូចមានចែងក្នុងឧបសម្ព័ន្ធ សម្រាប់ផលិតទោចក្រយានដូចមានចែងក្នុងឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ ត្រូវអនុលោមតាមវិធានដើមកំណើតទំនិញស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប (EU’s GSP)។
ផលិតករ ឬអ្នកនាំចេញទោចក្រយានទាំងអស់ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនូវបរិមាណនៃការប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំដែលនាំចូលពីប្រទេសវៀតណាម ប្រចាំឆមាស និងត្រូវធ្វើរបាយការណ៍ ស្តីពីការប្រើប្រាស់វត្ថុធាតុដើមឬគ្រឿងបង្គុំ ប្រចាំត្រីមាស មកក្រសួងពាណិជ្ជកម្ម ដើម្បីក្រសួងមានមូលដ្ឋានក្នុងការជូនដំណឹងទៅសហភាពអឺរ៉ុប៕
អត្ថបទ៖ អក្ខរា