ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ៗជាអាទិភាពចំនួន ៣, ដូច្នេះ ស្នើឱ្យគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីគ្រប់រូប សូមត្រៀមលក្ខណៈដើម្បីចូលរួម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ”, “យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់ “យុត្តិធម៌នៅក្នុងសង្គម” និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យុត្តិធម៌របស់កម្ពុជា។
ការលើកឡើងរបស់ឯកឧត្តម កើត រិទ្ធ ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៨ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់វិជ្ជាជីវៈមេធាវី និងមេធាវី ជាពិសេស ការរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ហើយភាពរឹងមំា សេចក្តីថ្លៃថ្នូរ និងសមត្ថភាពវិជ្ជាជីវៈមេធាវី ដែលជាកត្តារួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានក្នុងកិច្ចដំណើរការនៃការលើកកម្ពស់ដល់វិស័យយុតិ្តធម៌នៅកម្ពុជា។
ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់មេធាវីទាំងអស់ថា ក្នុងពេលប្រកបវិជ្ជាជីវៈ មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។ មេធាវីគ្រប់រូប សូមបន្តចូលរួម និងគំាំទ្របន្ថែមទៀត ដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ៕
អត្ថបទ៖ អក្ខរា