នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។
ក្នុងជំនួបនេះ ឯកឧត្ដម ខាង ហ៊ូពាវ បានថែ្លងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្ដមចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីប្រវត្តិសាវតាររបស់ ក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយផ្តោតលើអាជីវកម្មក្នុងវិស័យធំៗចំនួនបី គឺ៖ ផ្នែកផលិតកម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុងមានគម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ផងដែរ ។
សម្តេចធិបតី បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Genertec International Holding Co., Ltd. នាឱកាសថ្ងៃនេះ និងបានសម្តែងនូវការស្វាគមន៍ និងការគាំទ្រចំពោះភាពជាដៃគូរវាងក្រុមហ៊ុន Royal Group របស់កម្ពុជា និង ក្រុមហ៊ុន CNEE របស់ចិន នៅក្នុងគម្រោងវិនិយោគរួមលើវិស័យថាមពល ព្រមជាមួយនឹងក្តីសង្ឃឹមថា ក្រុមហ៊ុនអាចនឹងបន្តពង្រីកការវិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានជំនាញ៕