ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានកិច្ចសហការពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីបច្ចេកទេស ចុះត្រួតពិនិត្យជាក់ស្តែងជំនន់ទឹកភ្លៀង និងសិក្សាពីលក្ខណៈបច្ចេកទេសក្នុងការរំដោះទឹកដែលជន់លិចតំបន់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤៧ និង៤៨ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ឯកឧត្តមបានឲ្យដឹងថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះគឺចំតំបន់ស្រុកគងពិសីតែម្តង ហើយជាពិសេសតំបន់នោះជាតំបន់ទំនាបមានការអភិវឌ្ឍខ្លាំងទាំងផ្នែករោងចក្រ និងលំនៅឋានដែលបណ្តាលឱ្យមានការប្រែប្រួលគម្របដី។ ជាដំណោះស្រាយចំពោះមុខគឺអាជ្ញាធរត្រូវសហការជាមួយក្រសួង-ស្ថាប័នជំនាញ ដើម្បីកាយរំដោះមុខទឹកឱ្យហូរធ្លាក់មកភូមិសាស្រ្តផ្នែកខាងក្រោមនៃខេត្តតាកែវ ដើម្បីឱ្យជំនន់ទឹកភ្លៀងឆាប់បានធូរស្រាល និងដើម្បីជៀសវាងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តធ្ងន់ធ្ងរ។
ឯកឧត្តមរដ្ឋមន្រ្តី បានរួមចំណែកឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០លានរៀល ចូលរួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីជួយគ្រួសាររងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ៣៩០គ្រួសារ។ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីក៏បានបន្តដំណើរចុះត្រួតពិនិត្យស្ថានីយបូមទឹកក្របៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលស្ថានីយនេះមានតួនាទីបូមរំដោះទឹកជំនន់ហូរធ្លាក់ពីទំនប់៧មករា ដើម្បីបញ្ចៀសទឹកជំនន់ស្ទឹងព្រែកត្នោតមិនឱ្យជន់លិចរាជធានីភ្នំពេញ និងក្រុងតាខ្មៅផងដែរ៕