សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានចេញសារពិសេសបញ្ជាក់ថា ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេស៊ីបនិងប្រទេសចរដិន ដែលមានចំងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឲ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាពបណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។ ជាលទ្ធផល គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី ១៤តុលា ២០២៣ ម៉ោងនៅប្រទេសកម្ពុជា (ដែលត្រូវជាម៉ោង ៧ ព្រឹកនៅប្រទេសអ៊ីស្រាអែល) មានប្អូនៗនិស្សិតចំនួន ៤២២នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនៗទាំង ៤២២នាក់នោះ បានសម្រេចចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅនិងធ្វើការជាធម្មតា និងគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេក្នុងការប្ដូរទីតាំងទៅកាន់ទីកន្លែងសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ។
សម្តេចបានឲ្យដឹងដែរថា បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារ យ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្នុងសារសំឡេងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ អក្ខរា