ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប។
ឯកឧត្តម សាយ សំអាល់ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តក្រុងស្រុក ត្រូវបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលចាប់ឆ្នោតយកក្បាលដីឡូតិ៍ និងមិនទាន់ចាកចេញឱ្យពួកគាត់ចាកចេញទៅរស់នៅទីតាំងដែលរាជរដ្ឋាភិបាលបានរៀបចំជូនរួចហើយ។ ជាពិសេសអ្នកចំណូលថ្មី ចំពោះគ្រួសារដែលទទួលបានប័ណ្ណកម្មសិទ្ឋិសម្គាល់ម្ចាស់អចលនទ្រព្យ ថ្វីត្បិតជាកម្មសិទ្ឋិស្របច្បាប់ក្តីតែជាគោលការណ៍ ត្រូវកំណត់៥ឆ្នាំទើបគាត់អាចដោះដូរ ឬលក់បាន។ បន្ថែមពីនេះស្នើមន្ត្រីជំនាញជួយពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនទ្រព្យជូនគ្រួសារដែលមិនទាន់បាន។
ឯកឧត្តមមានប្រសាសន៍ទៀតថា តាមការសម្រេចដ៍ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានមានជាអាទិ៍ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ហាមដាច់ខាតមិនអនុញ្ញាតិឱ្យអ្នកថ្មីចូលទៅរស់នៅទីតាំងដែលបានរើរុះហើយនោះទេ ។ ឯកឧត្តមក៍បានណែនាំដល់ភាគីអ្នកពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋានរួមគ្នាកៀងគររកដៃគូវិនិយោគឱ្យធ្វើការដាក់ទុនវិនិយោគនៅតំបន់រុនតាឯកនិងពាក់ស្នែង ដើម្បីរួមគ្នាអភិវឌ្ឍតំបន់នេះឱ្យឆាប់រីកចម្រើន និងផ្តល់ឱកាសការងារនិងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រជាពលរដ្ឋ នៅតំបន់ទាំងពីរនេះឱ្យមានជីវភាពប្រសើរជាងមុន។
បើតាមតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីវឌ្ឍនភាពតំបន់អភិវឌ្ឍធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងនិងតំបន់អភិវឌ្ឍពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប គិតចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ទី០៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខេត្ត បានសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរជាតិអប្សរាដើម្បីផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរលំនៅឋានពីតំបន់រម្មណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត។
ក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្តទទួលបាននូវសំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចជា៖ សម្រាប់ទៅនៅតំបន់រុនតាឯក ប្រជាពលរដ្ឋមួយចំនួនសំណូមពរពន្យាពេលនៃការរុះរើលំនៅឋានពីតំបន់អង្គរទៅរុនតាឯក ដោយហេតុផលថា ខ្វះថវិកាសម្រាប់សង់ផ្ទះនៅរុនតាឯក និងខ្លះទៀតថារង់ចាំថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ១លាន ៤សែនរៀល។ ខ្លះថារង់ចាំកូនរៀនចប់ ដល់ពេលវិស្សមកាលនិងរង់ចាំផុតរដូវភ្លៀង, គ្រួសារទើបសម្រាលកូនខ្ចី, ស្នើសុំរុះរើពេលដីនៅរុនតាឯករួចរាល់ ព្រោះដីឡូកូនចាប់បាននៅពាក់ស្នែង ឯម្តាយចាប់បាននៅរុនតាឯក។ សម្រាប់តំបន់ពាក់ស្នែង ប្រជាពលរដ្ឋ១០គ្រួសារស្មើ១៨ក្បាលដី ពុំទាន់យល់ព្រមទទួលការដោះស្រាយនៅឡើយ។ សំណូមពរស្ថាបនាផ្លូវឆ្ពោះទៅពាក់ស្នែងត្រង់ចំណុចផ្លូវបំបែកវង់ធំដល់ផ្លូវកូរ៉េ។ ប្រជាពលរដ្ឋដែលបានដោះដូរដីរួចហើយពុំទាន់បានចាប់ឆ្នោតយកដីឡូតិ៍នៅឡើយ៕