កម្ពុជា-ថៃ ប្តេជ្ញាចិត្តជាថ្មីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៥

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែតុលានេះ​បានឲ្យដឹងពីជំនួបរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ក្រសួងបានបញ្ជាក់ថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចផ្លូវការប្រកប​ដោយផ្លែផ្ការបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្ដមឯកអគ្គរាជទូតថៃ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេច​ឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១៥ប៊ីលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ វិនិយោគ ដឹកជញ្ជូន ការតភ្ជាប់ និងវប្បធម៌។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅតែរក្សាកំណើននាឆ្នាំ២០២២កន្លងទៅ ដែលមានទំហំសរុបជិតដល់ ៤.៦ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤.២៣ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ទិន្នន័យបញ្ជាក់ថាប្រទេសថៃបាននាំទំនិញមកទីផ្សារកម្ពុជាក្នុងទំហំជាទឹកប្រាក់ប្រមាណ ៣,៨៣២លានដុល្លារកើនឡើង ១០.៦៧ភាគរយ ខណៈដែលថៃនាំទំនិញពីកម្ពុជាទៅវិញ​មានទំហំប្រមាណ ៨៣១លានដុល្លារ កើនឡើង ៣៤.១១ភាគរយធៀបនឹងឆ្នាំ២០២១៕

អត្ថបទ៖ អក្ខរា