សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។
លោកប្រធានមូលនិធិ ក៏បានថ្លែងកោតសរសើរប្រទេសកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំដោយសារភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែសព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជា សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាដើម។ បន្ថែមលើនេះ លោក យ៉ូហេ សាសាកាវ៉ា ក៏បានសង្កត់ធ្ងន់ទៀតថា កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈដែលប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ ។
សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយ លោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាង លោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹង សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែលនេះ ជាពិសេស សម្តេចធិបតី បានគូសបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការអរគុណចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជានៅក្នុងវិស័យអប់រំ និងសុខាភិបាល ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា៕