ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅ កាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិភាក្សា អំពីការធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញលំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
លោកឯកអគ្គរដ្ឋទូត សង្កេតឃើញថា កម្ពុជាជាប្រទេសដែលទទួលបានជោគជ័យក្នុងការស្តារវិបត្តិកូវីដ-១៩ និងមើលឃើញនូវសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសនេះក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ និងកសិទេសចរណ៍។ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើន ទៅទស្សនានៅសហរដ្ឋអាមេរិក និងខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលការធ្វើដំណើររវាងប្រទេសទាំង ពីរឱ្យកាន់តែប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ និងការបង្កើនទំនុកចិត្ត និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕
អត្ថបទ៖ អក្ខរា