ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបដើម្បីសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣, កាលពីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក វីនហ្រ្វែត វីកក្លែន ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន។
លោក វីនហ្រ្វែត វីកក្លែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការលួ និងជិតស្និទ្ធជាមួយ ADB ក្នុងរយះពេលជាង ៣០ឆ្នាំកន្លងមក ហើយលោកបានត្រៀមខ្លួនដើម្បីពង្រឹង និងពង្រីកកិច្ច- សហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ចដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB រួមមាន: ១).ការពង្រីកនូវទំហំឥណទានធំជាងមុន តាមរយះការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបាននូវប្រភពធនធានទំហំធំ ពិសេស សម្រាប់គម្រោងពង្រឹងការបន្សំទៅនឹងអាកាសធាតុ ២). ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធប្រតិបត្តិការថ្មី របស់ ADB ក្នុងគោលដៅពន្លឿនការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តាមរយះការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្រើនជាងមុន ជូនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុ ជា; និង ៣). ការវិនិយោគគម្រោង ពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ក្នុងរយះពេល ៥ឆ្នាំខាងមុខ ជាពិសេស ការពង្រឹង វិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហត្រាសធុនមីក្រូ តូច និងមធ្យម តាមរយះប្រតិបត្តិការ Non-Sovereign Operations ដូចមានចែងក្នុងយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹង យុទ្ធសាស្ត្របញ្ជកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា, នីតិកាលទី៧ នៃរដ្ឋសភា, ដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕