សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជូនសារទៅក្រុមប្រឆាំងទាំងឡាយ ដែលវាយតម្លៃសម្តេចខុស មិនហានចុះចេញពីអំណាចទេ ក៏ប៉ុន្តែក្រុមនោះស្គាល់សម្តេចតិចពេកហើយ ដោយត្រូវរៀនសូត្រពីសម្តេចបន្ថែមទៀត ដោយហោចណាស់សម្តេចរស់បាន ៣០ឆ្នាំទៀត ហើយសម្តេចក៏នៅតែមានឥទ្ធិពលនយោបាយក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈសម្តេចជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច សម្តេចនៅតែមានសិទ្ធិបញ្ចេញយោបល់ទៅលើបញ្ហានយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ យ៉ាងណាមិញ សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចមិនមានសិទ្ធិបញ្ជាកម្លាំងជំនួសឲ្យនាយករដ្ឋមន្ត្រីនោះទេ ម៉ោងនេះ ពេលនេះមានតែនាយករដ្ឋមន្ត្រីទេ ដែលមានសិទ្ធិបញ្ជាកម្លាំង ក៏ប៉ុន្តែសម្តេចមានសិទ្ធិត្រួតត្រាលើកិច្ចការនយោបាយ៕
អត្ថបទ៖ អក្ខរា