សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកថវិការសម្រាប់ការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាការចំណាយច្រើនបំផុតក្នុងប្រវត្តិនៃខ្សែភាពយន្តនៅកម្ពុជា។
សម្តេចតេជោមានប្រសាសន៍ែបបនេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគីសម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។
ខ្សែភាពយន្តនេះ បានបង្ហាញពីខ្សែជីវិតតស៊ូរបស់សម្តេចតេជោ ពីកុមារភាពត្រូវចាកចេញពីមាតាបិតា បងប្អូនបង្កើតនៅភូមិកំណើត ទៅស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត។ ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះមានប្រមាណ ៩៦ភាគ ហើយចំណាយពេលវេលាថតរយៈពេល ១៩ខែ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ ចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕
អត្ថបទ៖ អក្ខរា