អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមបានណែនាំ ជាពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ត្រូវកំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមក៏ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង និងមធ្យោបាយ។ មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ត្រូវតាមដានព្យាករណ៍ឧតុនិយមជាប្រចាំ។ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវត្រៀមរៀបចំផែនការការពារសុខភាព និងមន្តី្រសុខាភិបាល រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំសង្កូវផ្សេងៗ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវត្រៀមគ្រឿងចក្រ កាណូត និងសម្ភារៈផ្សេងៗ ត្រៀមអន្តរាគមន៍នៅតំបន់រង់គ្រោះដោយទឹកជំនន់។ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីការត្រៀមបង្ការ និងការការពារសុវត្ថិភាព នៅពេលគ្រោះទឹកជំនន់កើតឡើង។ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា និងវត្តអារាម ដែលនៅក្នុងតំបន់ងាយរងគ្រោះឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ដោយឡែក មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវសុំគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ ដើម្បីត្រៀមផ្អាកដំណើរការ គ្រឹះស្ថាន សិក្សាជាបណ្ដោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវរងគ្រោះដោយទឹកជំនន់ និងធ្វើការ ផ្ទេរសិស្សានុសិស្សទៅរៀននៅគ្រឹះស្ថានសិក្សាផ្សេងជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងនិរន្តរភាពនៃការសិក្សា។ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ ត្រូវត្រៀមសហការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ អភិបាលរាជធានីភ្នំពេញ ក៏ណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានជាប្រចាំអំពីកម្ពស់ទឹក និងត្រូវត្រៀមលក្ខណៈទុកជាមុន ដូចជាទ្រព្យសម្បត្តិ សម្ភារៈចាំបាច់ និងសត្វពាហនៈឱ្យបានរៀបរយ ដើម្បីជម្លៀសទៅទីទួលសុវត្ថិភាព៕
អត្ថបទ៖ អក្ខរា