ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែតុលានេះ ចេញសេចក្តីថ្លែងការណ៍សម្ដែងនូវសេចក្ដីសោកស្ដាយជាពន់ពេកចំពោះការផ្ទុះឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៉ីស្រាអែល។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្តាលឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។
ក្រសួងការបរទេស ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។ ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជាសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរកមធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្ដោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជាសូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម។
កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និងស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។
បើតាមក្រសួងការបរទេស, កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តោតអាទិភាពចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការ
ជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីដែលធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា៕