កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វិទ្យុបារាំងអន្តរជាតិ (RFI) បានផ្សាយអំពីករណីជនមិនស្គាល់មុខធ្វើការឈូសឆាយផ្លូវចូលក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ផ្អែកលើរូបភាពផ្កាយរណបមិនបានបញ្ជាក់កាលបរិច្ឆេទ ជាហេតុធ្វើឱ្យសាធារណជនមានការយល់ច្រឡំថាជាករណីកំពុងតែកើតមានឡើងថ្មីៗនៅក្នុងតំបន់នោះ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការល្បាតជាប់ជាប្រចាំនៅក្នុងតំបន់នោះ មិនបានជួបប្រទះនូវសកម្មភាពឈូសឆាយផ្លូវថ្មីចូលទៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្ត្រខាងលើទេ។
ចំពោះផ្លូវដែលព័ត៌មាន RFI បានផ្សាយ គឺជាករណីដែលក្រុមការងារពង្រឹងការអនុវត្តច្បាប់ បានបង្ក្រាប និងចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមរយៈសំណុំរឿងលេខ០២០/២៣ បស្ថ.ក្រច ដែលបច្ចុប្បន្នចៅក្រមស៊ើបសួរកំពុងចាត់ការតាមនីតិវិធី។
ក្រសួងបរិស្ថាន បញ្ជាក់ផងដែរថា រាល់សកម្មភាពបទល្មើស កាប់បំផ្លាញព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថានគ្រប់គ្រង គឺត្រូវបានចាត់វិធានការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី មិនមានការលើកលែងឡើយ៕
អត្ថបទ៖ អក្ខរា