រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រា នៅព្រឹកថ្ងៃទី៧ ខែតុលានេះ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពហិង្សានិងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។
ការអំពាវនាវពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីនៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។
ចំពោះអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង៕
អត្ថបទ៖ អក្ខរា