រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺ៖ ១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួន១៖ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។
សូមបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា ៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន AIAI ដោយចំណាយដើមទុនវិនិយោគកើនឡើងរហូតដល់ ១.១០០លានដុល្លារ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិបត្តិការបាន។ អាកាសយានដ្ឋាននេះ មានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ ដោយអាចទទួលជើងហោះហើរបានប្រមាណ ៥៨,០០០ ជើង ទៅ ៨៦,០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០៕
អត្ថបទ៖ អក្ខរា