សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចសន្សំលុយបានជាង ២០០លានដុល្លារ គ្រាន់តែព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន ក្នុងឆ្នាំ២០២៣នេះ។ សម្តេចបានបញ្ជាក់ថា ថវិកាជាង ២០០លានដុល្លារនេះ យកប្រើប្រាស់ក្នុងការគាំពារសង្គម ទឹកជំនន់ និងជួយប្រជាពលរដ្ឋឲ្យចំគោលដៅ។
ទន្ទឹមនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តកំណែទម្រង់បែបនេ ដោយត្រូវព្យួរ ឬលុបចោលគម្រោងមិនចាំបាច់មួយចំនួន និងយកថវិកា ទៅប្រើប្រាស់លើអ្វីដែលជាអាទិភាពសំខាន់ និងប្រើឲ្យអស់លទ្ធភាពនូវអ្វីដែលមាន។
ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”៕
អត្ថបទ៖ អក្ខរា