សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ ឯកឧត្តម ដូមីនិច វីល្លៀម បានអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងចំពោះសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលថ្មីនេះ សម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ រួមទាំងការចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣នេះ ក្នុងវិស័យអប់រំ គឺមានសាលារៀនរបស់អង់គ្លេសចំនួន ៣កន្លែង ក្នុងនេះមានសាកលវិទ្យាល័យចំនួន ១កន្លែង ត្រូវបានបើកដំណើរការ។ លើសពីនេះ កម្ពុជា-អង់គ្លេស ក៏បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលអង់គ្លេស នៅក៏នៅតែបេ្តជ្ញាបន្តគាំទ្រការបោសសម្អាតមីននៅកម្ពុជារហូតដល់ឆ្នាំ២០២៥ ។ ក្រៅពីនេះ ភាគីមិត្ត ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួនពីរ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។ ដោយឡែក ឯកឧត្តមឯកអគ្គរាជទូត បានកត់សម្គាល់អំពីជោគជ័យនៃដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម ដោយបានវាយតម្លៃថា នេះជាការបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនលើគ្រប់វិស័យ ដូចពេលបច្ចុប្បន្ននេះ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ជាអាទិ៍៖ ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់, ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ២០២៥ ជាដើម។ល។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។
ដោយឡែក សម្តេចធិបតី ក៏បានគូសបញ្ជាក់ នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ លើវិស័យទាំងនេះ នាពេលខាងមុខ។ មួយវិញទៀត សម្តេចធិបតី ក៏បានបង្ហាញនូវក្តីរំពឹងថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងបន្តរុងរឿងទ្បើងថែមទៀតលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចពង្រីកទីផ្សារថ្មីៗបន្ថែមទៀត លើមុខទំនិញនាំចេញទៅកាន់ចក្រភពអង់គ្លេស។ ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតី ក៏រំពឹងផងដែរថានឹងមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ទាំងលើការងារហ្វឹកហ្វឺន, ការធ្វើលំហាត់រួម និងការចូលចតនាវាជាដើម។ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ៕